Banner advertisement

ឧត្តមសេនីយ៍ឯក យឹម លាង ដឹកនាំកិច្ចប្រជុំ ការពារសន្តិសុខប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីនមកកម្ពុជា

08-Sep-2025 11:57 AM

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅនាយកដ្ឋានអង្គរក្ស នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោកឧត្ដមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមសន្តិសុខនាំមុខ នៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំដោយលោកវរសេនីយ៍ឯក ក្លិវហ្វដ អេស កាធូប៊ីកាន់ Col Clifford S. Catubigan GSC (INF) PA មេបញ្ជាការជំនួយ ទទួលបន្ទុកការងារអប់រំ បណ្តុះបណ្តាល និងបំពាក់បំប៉នគោលនយោបាយ នៃទីបញ្ជាការសន្តិសុខប្រធានាធិបតី ព្រមទាំងសហការី អំពីភារកិច្ចត្រូវត្រៀមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ ឡូវីស អារ៉ានេតា ម៉ាកូស (First Lady Louise Araneta-Marcos ) នាពេលខាងមុខនេះ។


តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. នឹងអញ្ជើញ ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ វិមានសន្តិភាព។ 

ឯកឧត្តម Marcos Jr. និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប នឹងធ្វើការពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក។ 

ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាចំណាប់ អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរ ទស្សនកិច្ចនេះផងដែរ។


ឯកឧត្តមប្រធានាធិបតីហ្វីលីពីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមាន ឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតន កោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលទាក់ទង