នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាលើរបៀវារៈស្តីពី គំនិតផ្តួចផ្តើមរបស់ព្រឹទ្ធសភាចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមព្រំដែន និងការងារផ្សេងៗ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។
អង្គប្រជុំបានពិភាក្សា និងធ្វើបច្ចុប្បន្នភាពសភាពការណ៍ស្ថានភាពនៅតាមមូលដ្ឋាន ជាពិសេសស្ថានការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ ក៏ដូចជាការរួមចំណែករបស់សមាជិកព្រឹទ្ធសភា ក្នុងការជួយដោះស្រាយបញ្ហា និងសំណូមពររបស់មូលដ្ឋានដែលសម្រេចបានកន្លងមក។
ជាមួយគ្នានោះដែរ អង្គប្រជុំបានយល់ស្របគ្នាលើគំនិតផ្តួចផ្តើមជំរុញផលិតកម្ម និងផលិតផលក្នុងស្រុក ដើម្បីកែប្រែបញ្ហាប្រឈម ទៅជាឱកាសគាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ។
ឯកឧត្តមបណ្ឌិត បានលើកឡើងពីចក្ខុវិស័យផ្ទាល់ ក្នុងការជួយជំរុញលើវិស័យអប់រំ និងអាហារូបត្ថម្ភ ដោយសុខភាពត្រូវការអាហារូបត្ថម្ភ និងអប់រំត្រូវការភាសាអង់គ្លេស ដោយសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងអាចនិយាយភាសាអង់គ្លេសបានគ្រប់គ្នានៅឆ្នាំ២០៥០។