Banner advertisement

សម្តេចមហាបវរធិបតីស្នើចិន ជំរុញកម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ

01-Sep-2025 3:37 PM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិនជំរុញ​កម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់​ដាច់​ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ។

សំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។


សម្តេចមហាបវរធិបតី បានគូសរំលេចលើទំព័រហ្វេសប៊ុកថា​ ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង ហ៊ូនីង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធ​ការរីកចម្រើននៃកិច្ច​សហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

សម្តេចមហាបវរធិបតី បានរៀបរាប់ទៀតថា ក្នុងជំនួបនោះ ក៏បានជជែកពាក់ព័ន្ធ​ជម្លោះ​​ព្រំដែន​រវាងកម្ពុជា និងថៃ។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់​រវាងកង​ទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្រប​សម្រួល​បទ​ឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ឆាប់វិលត្រឡប់​ទៅ​រក​ប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងជំនួបនោះ សម្តេចក៏បាន​ស្នើ​ឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរកម្ពុជា និងថៃ ជៀសវាងការប្រើប្រាស់កម្លាំង​យោ​ធា ដើម្បីដោះស្រាយបញ្ហាព្រំដែនមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែល​មាន​ប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការ​ប្រើ​ប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិ​សញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែសីហា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួប​សម្តែងការគួរសម និងប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន​ផង​ដែរ។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានាធិបតីចិន គាំទ្រដល់បទ​ឈប់​បាញ់រវាងកង​ទ័ព​កម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់ឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់៕

អត្ថបទដែលទាក់ទង