គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថា បានលួចស្កាត់ជួបខ្សែបម្រើប្រយុទ្ធ Eberechi Eze តាំងពីខែមុនមកម្ល៉េះ មុនពេល Arsenal ឆក់យករូបគេចេញពីដៃរបស់ Tottenham Hotspur។
ប្រភពនៅអង់គ្លេសជាច្រើនបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មុនពេលក្លិប Arsenal សម្រេចលូកដៃចូលក្នុងកិច្ចចរចារវាង Tottenham និង Crystal Palace សម្រាប់ហត្ថលេខារបស់ Eze តាមពិតទៅ ភាគីកីឡាករបានស្កាត់ជួបពិភាក្សាក្រៅផ្លូវការជាមួយលោក Mikel Arteta ម្តងរួចទៅហើយ កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ។
ប្រភពដដែលក៏បានបន្ថែមទៀតផងដែរថា Eze មានទំនុកចិត្តជាខ្លាំងចំពោះគម្រោងដែល Arteta បានលើកយកមកនិយាយក្នុងជំនួបមួយនោះ តែត្រូវរក្សាការសម្ងាត់សិន ព្រោះក្លិបទើបតែជះលុយ 63 លានផោន ទិញយក Viktor Gyokeres ពី Sporting Lisbon។ ពេលនេះ Arsenal នៅសល់តែមួយជំហានទៀតប៉ុណ្ណោះ ដើម្បីនាំយក Eze មកកាន់កីឡដ្ឋាន Emirates ជាមួយកញ្ចប់ទឹកប្រាក់ប្រមាណ 68 លានផោន ដោយមិនរាប់បញ្ចូលជាមួយលក្ខខណ្ឌផ្សេងៗ៕