ក្លិបបាល់ទាត់ Marseille បានប្រកាសជាផ្លូវការអំពីការដាក់លក់កីឡាករ Adrien Rabiot និង Jonathan Rowe បន្ទាប់ពីកីឡាករទាំងពីររូបបញ្ចេញអត្តចរិតមិនសមរម្យ ហើយរងការពិន័យពីក្លិប។
ក្រោយភ្លាត់ស្នៀតចាញ់ Rennes ក្នុងការប្រកួតបើកឆាកសម្រាប់រដូវកាលថ្មី ទាំង Rabiot និង Rowe សុទ្ធតែត្រូវបានក្លិបហាមមិនអោយចូលហ្វឹកហាត់ជាមួយក្រុម ក្រោយប៉ះសម្តីគ្នា។ ដំបូងឡើយ ប្រភពនៅក្នុងក្លិបបានទម្លាយថា ការពិន័យគឺមិនធ្ងន់ធ្ងរឡើយ ដោយកីឡាករទាំងពីរត្រូវធ្វើការបរិច្ចាគលុយជូនមូលនិធិរបស់ក្លិបប៉ុណ្ណោះ។
យ៉ាងណាក្តី រឿងរ៉ាវហាក់ប្រែក្រឡាស់ទាំងស្រុងទៅវិញ ដោយគណនីបណ្តាញសង្គមរបស់ក្លិប Marseille បានបង្ហោះជាផ្លូវការថ្នាក់ដឹកនាំក្លិបបានសម្រេចដាក់ Rabiot និង Rowe ចូលទៅក្នុងបញ្ជីកីឡាករដែលអាចនឹងចាកចេញពីក្លិប ទាំងដែលពួកគេទើបតែលេងបានមួយរដូវកាលក៏ដោយ៕