Banner advertisement

អតីតគ្រូ Roma ថាពិតជាស្រឡាញ់ Sancho មែន តែមិនអាចសម្រេចបំណងបានដោយសារតែរឿងមួយ

09-Sep-2025 3:23 PM

លោក Claudio Ranieri បានទម្លាយខ្ទេចខ្ទីគ្មានសល់ថា ការពិតទៅក្លិប Roma គឺពិតជាបានដាក់គោលដៅចង់នាំយកកីឡាករ Jadon Sancho មកពិតមែន តែក្តីស្រម៉ៃមួយនេះមិនអាចក្លាយជាការពិតបាន ដោយសារតែបញ្ហាចំបងមួយនៅក្នុងក្លិប។




មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទបញ្ចប់កាលពីចុងខែសីហាកន្លងទៅ ប្រភពមួយចំនួនបានចុះផ្សាយថា Roma ស្ទើរតែឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយក Sancho មកកាន់ទឹកដីអ៊ីតាលីទៅហើយ តែរំលងបានត្រឹមប៉ុន្មានថ្ងៃបន្ទាប់ Sancho បែរជាបានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលទៅវិញ ហើយជុំវិញបញ្ហាមួយនេះ អតីតគ្រូបង្វឹកក្រុម Roma លោក Claudio Ranieri បាននិយាយដោយបើកចំហរថា គ្រប់យ៉ាងគឺមកពីបញ្ហាហិរញ្ញវត្ថុដែលធ្វើអោយក្លិបពិបាកក្នុងការសម្រេចចិត្ត។




គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក៏បានបន្ថែមទៀតផងដែរថា ក្នុងករណីដែលក្លិបយក Sancho​ មកបានពិតមែន នោះពួកគេត្រូវលក់កីឡាករចេញជាច្រើនដើម្បីផ្តល់សិទ្ធិចុះឈ្មោះខ្សែបម្រើអង់គ្លេសរូបនេះចូលទៅក្នុងក្រុម ហើយរឿងមួយនេះគឺជាហានិភ័យធំមួយដែល Roma ត្រូវគេចអោយផុត។ យ៉ាងណាក្តី លោក Ranieri ក៏បានផ្តល់ជាយោបល់ថា ការចង់បាន Sancho គឺអាចលើកពេលទៅរដូវកាលក្រោយ ដោយរំពឹងថាក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ក្លិបអាចនឹងធ្វើអោយកីឡាករវ័យក្មេងមានទីផ្សារខ្លាំងនៅរដូវកាលក្រោយ ហើយអាចជួយសម្រួលដល់ការផ្ទេរ Sancho អោយបានទៅតាមច្បាប់របស់លីគកំពូលអ៊ីតាលី៕

អត្ថបទដែលទាក់ទង