វីដេអូមួយនៅក្នុងបណ្តាញសង្គម TikTok កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជើងចាស់នៅប្រទេសអង់គ្លេស នៅពេលបានឃើញវាសនាកីឡាករមួយរូបនេះប្តូរពីអតីតខ្សែប្រយុទ្ធក្រុមនៅលីគកំពូលអង់គ្លេស មកជាកីឡាករដែលលេងបាល់លើទីលានមើលសឹងតែមិនយល់។
កីឡាករ Andros Townsend បានធ្វើអោយពិភពបាល់ទាត់ភ្ញាក់ផ្អើល នៅពេលសម្រេចចិត្តចុះកុងត្រាមកលេងជាមួយក្លិបបាល់ទាត់ Kanchanaburi នៃលីគកំពូលប្រទេសចោរសៀម កាលពីប៉ុន្មានខែកន្លងទៅ តែពេលនេះ អាជីពរបស់គេទទួលបានការចាប់អារម្មណ៍មួយកម្រិតទៀត បន្ទាប់ពីការបង្ហោះវីដេអូមួយរបស់សារព័ត៌មាន Metro Sport ថតច្បាស់ៗអំពីស្ថានភាពទីលានដ៏លំបាកភ្នែកមើលជាទីបំផុត រហូតមានការសើចចំអក លាយឡំការអាណិតអាសូរចំពោះអតីតកីឡាករក្រុម Crystal Palace និងតោកំណាចអង់គ្លេសមួយនេះ។
នៅក្នុងបណ្តាញសង្គម TikTok អ្នកគាំទ្រមួយចំនួនបានសើចចំអកចំពោះស្ថានភាពស្មៅដែលមានភាពរដាក់រដុប មិនសមជាទីលានសម្រាប់ក្លិបនៅលីគកំពូលនោះឡើយ ខណះដែលខ្លះទៀតក៏មានការងឿងឆ្ងល់ជាខ្លាំង ដែល Townsend សម្រេចទៅលេងអោយលីគសៀម ទាំងដែលខ្លួនហ៊ានច្រានចោលសំណើរក្លិបធំៗមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេចាត់ទុកថាជាទីតាំងដ៏ល្អសម្រាប់កើបលុយអោយបានច្រើនមុនពេលចូលនិវត្តន៍៕