ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាក្មេងទំនើងត្រូវអនុវត្តជាដាច់ខាតមិនមានថមថយ ចំពោះស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយអោយមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ។ ការបញ្ជាក់នេះក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលឡើងថ្មីបន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនដែលកំពុងជាចំនុចក្តៅ និងកំពុងពង្វក់អនាគតក្មេងដែលជាទំពាំងស្នងឬស្សី។ ហើយបញ្ហាល្បែងស៊ីសងឆ្នោតផ្សងសំណាងដែលបានរីកសាយភាយគ្រប់ទីកន្លែងសូមយកចិត្តទុកដាក់។

អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងកន្លងមកដោយសារខេត្តកំពង់ស្ពឺ គឺជាខេត្តសេដ្ឋកិច្ចដែលមានតំបន់រោងចក្រច្រើន ដូច្នេះត្រូវប្រមូលអ្នកបើកបរដែលប្រើរថយន្តដឹកកម្មករច្រើនមកណែនាំអប់រំព្រមទាំងពិនិត្យបច្ចេកទេសយាន្តយន្ត។ ស្នងការរង រឺប្រធានការិយាល័យដែលទទួលផែនត្រូវធ្វើការផ្សព្វផ្សាយដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋនានាតាមរយ:ពេលវែងនិងមានការថតជាស្ពតផ្សព្វផ្សាយផងដែរ។

ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ បានហាមដាច់ខាតការផ្ទេរកម្លាំងនគរបាលពីប៉ុស្តិ៍នគរបាលរដ្ឋបាល ការផ្ទេកម្លាំងនគរបាលពីវរ:ព្រំដែន ការផ្ទេកម្លាំងពីអន្តរាគមន៍មកបម្រើការនៅស្នងការដ្ឋាន រឺកន្លែងផ្សេងទៀត។ ពាក់ព័ន្ធករណីបណ្តេញមន្ត្រីចេញពីអង្គភាព រឺការសុំតែងតាំងមន្ត្រី ត្រូវមានកំណត់ហេតុប្រជុំវាយតំលៃពីក្រុមប្រឹក្សាវិន័យច្បាស់លាស់សូមអិយស្នងការរងទទួលផែនធនធានមនុស្សត្រួតពិនិត្យលើបញ្ហានេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត បានជំរុញអោយអាជ្ញាធរក្នុងមូលដ្ឋានធ្វើការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការចំពោះបញ្ហាវិវាទនៅក្នុងគ្រួសារដែលមានលក្ខណ:តូចតាចដែលការធ្វើបែបនេះអាចធ្វើអោយភាគីជម្លោះមានភាពចំណេញទាំងពេលវេលានិងថវិកាទាំងសងខាង។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនិងជំនាញពាក់ព័ន្ធត្រូបើកទ្វាចាំទទួលពាក្យបណ្តឹងទាំងឡាយពីប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោងនិងត្រូវធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញពីសំនុំរឿងដែលត្រូវបានដោះស្រាយបានកំរិតណាសំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ។
