កីឡាករ Kylian Mbappe បានធ្វើការចេញមុខនិយាយការពារចំពោះយុវជន Lamine Yamal បន្ទាប់ពីបានឃើញការតោងទាមមិនឈប់ឈរពីសំណាក់សារព័ត៌មាន ដែលបង្កើតជាការរិះគន់ដ៏មិនចាំបាច់មួយចំនួន។
ជីវិតរបស់ Yamal បានប្រែស្ទើរតែទាំងស្រុង ចាប់តាំងពីបានឡើងមកលេងអោយឈុតធំរបស់ក្លិប Barcelona ដោយរឿងរ៉ាវគ្រប់យ៉ាងរបស់កីឡាករអេស្ប៉ាញរូបនេះ តែងតែត្រូវបានគេលើកយកទៅបង្កើតជាព័ត៌មានមិនឈប់ឈរ ទាំងរឿងក្នុងនឹងក្រៅទីលាន។
ក្នុងនាមជាកីឡាករមួយរូបដែលធ្លាប់ទទួលបានសម្ពាធជាខ្លាំងកាលនៅវ័យប្រហាក់ប្រហែលគ្នា ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid រូបនេះ បានចេញមកនិយាយពាក់ព័ន្ធស្ថានភាពរបស់ Yamal ដោយបានអំពាវនាវអោយសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រមួយចំនួនតូចមានការគោរពចំពោះសិទ្ធិបុគ្គលរបស់ Lamine Yamal ព្រោះការបង្កើតរឿងរ៉ាវបែបនេះ អាចធ្វើអោយមានផលប៉ះពាល់ធំចំពោះផ្លូវចិត្តកីឡាករ ដែលអាចជះឥទ្ធិពលទៅដល់ក្តីស្រលាញ់ចំពោះកីឡាមួយនេះ៕