ខ្សែការពារ Harry Maguire ត្រូវបានគេរាយការណ៍ថាមិនមានភាពស្ទាក់ស្ទើរនោះឡើយក្នុងការបដិសេដកុងត្រាដែលមានតម្លៃរហូតដល់ទៅ 5 សែនផោនក្នុងមួយសប្តាហ៍ ពីក្លិបនៅអារ៉ាប៊ីសាអូឌីត ចំពេលដែលកីឡាកររូបនេះកំពុងតែចរចាកុងត្រាថ្មីជាមួយបិសាចក្រហម Manchester United។
ប្រភពជាច្រើននៅក្នុងប្រទេសអង់គ្លេសបានអោយដឹងថា ទោះបីជាកុងត្រាចាស់របស់ Maguire ជាមួយបិសាចក្រហមមានសុពលភាពដល់រដូវក្តៅក្រោយក៏ពិតមែន តែ Maguire មិនមានចេតនាក្នុងការចាកចេញពីក្លិបមួយនេះឡើយ ដោយគិតមកទល់ពេលនេះ ទាំងសាមីខ្លួនកីឡាករ អ្នកតំណាងកីឡាករ នឹងថ្នាក់ដឹកនាំរបស់ក្លិបសុទ្ធសឹងតែកំពុងធ្វើការយ៉ាងមមាញឹកដើម្បីស្វែងរកចំណុចកណ្តាលមួយ។
ប្រភពដដែលក៏បានបន្ថែមទៀតផងដែរថា ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេសរូបនេះ សុខចិត្តទទួលការកាត់ប្រាក់ពលកម្ម ដើម្បីបន្តលេងអោយ Man United នៅក្រោមលក្ខខណ្ឌមួយ ដោយកីឡាករចង់បានពាក្យសន្យាថា ក្លិបនឹងនៅតែចាត់ទុករូបគេជាចំណែកមួយនៃគម្រោងការរបស់ក្លិប។ ក្រោយអូសបន្លាយរយះពេលយូរ កុងត្រាថ្មីរបស់ Maguire អាចជារឿងមិនអាចគេចផុត ស្របពេលដែលអតីតកីឡាករក្រុម Leicester City រូបនេះហ៊ានច្រានចោលសំណើរក្លិបនៅអារ៉ាប៊ីសាអូឌីត ដែលហ៊ានចំណាយដល់ទៅកន្លះលានផោនក្នុងមួយសប្តាហ៍៕