ដល់ម៉ោងចង្អុលមុខដាក់គ្នាហើយ! គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ថា បញ្ហាទម្រង់លេងរបស់ Florian Wirtz មិនមែនមកពីភាគីកីឡាករនោះឡើយ

17-Oct-2025 3:44 PM

លោក Julian Nagelsmann បានចេញមកច្រានចោលនូវការរិះគន់យ៉ាងចាស់ដៃចំពោះកូនក្រុមរបស់គាត់ ពោលគឺកីឡាករ Florian Wirtz ដោយអះអាងថា គ្រប់យ៉ាងមិនមែនមកពីកីឡាករតែមួយរូបនោះឡើយ។




ចាប់តាំងពីការចាកចេញពី Bayer Leverkusen មកកាន់ក្លិបហង្សក្រហម Liverpool មក Wirtz បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដោយសារតែការលេងដ៏ល្អនៅទឹកដីអាឡឺម៉ង់។ យ៉ាងណាក្តី ខ្សែបម្រើប្រយុទ្ធវ័យក្មេងរូបនេះបានក្លាយជាតួកំប្លែងក្នុងពិភពបាល់ទាត់ ដោយអ្នកគាំទ្រជាច្រើនបានដាក់រហស្សនាមអោយ Florian Wirtz ថាជាម្ចាស់ទម្រង់ 007 ថ្មី ព្រោះចាប់តាំងពីចូលលេងនៅលីគកំពូលអង់គ្លេសមក រូបគេមិនទាន់បានស៊ុតចូល រឺ បញ្ជូនអោយមិត្តរួមក្រុមស៊ុតចូលសូម្បីតែម្តង។




ក្រោយបានឃើញពីការវាយប្រហារជ្រុសហួសហេតុពេក លោក Nagelsmann បានចេញមកជម្រះចោលនូវរាល់មន្ទិលសង្ស័យ ដោយបាននិយាយដោយបើកចំហរថា វាមិនមែនជាកំហុសរបស់ Wirtz ឡើយដែលកីឡាករនៅ Liverpool មិនអាចរកគ្រាប់បាល់ទាំងដែល Wirtz តែងបង្កើតឱកាសស៊ុតបញ្ចូលទីជារឿយៗ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ គិតមកទល់ពេលនេះ Wirtz បានបង្កើតឱកាសស៊ុតបញ្ចូលទីចំនួន 11 លើករួចមកហើយសម្រាប់ Liverpool ប៉ុន្តែមិនមាននរណាអាចរកគ្រាប់បាល់បានទៅវិញ៕

អត្ថបទដែលទាក់ទង