កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម

23-Oct-2025 9:01 PM

ភ្នំពេញ៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ 


លទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១៖៣០នាទី នៅទីក្រុងកូឡាឡាំពួរ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី២នេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។


លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ 


គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។  គណៈប្រតិភូថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ 


គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ គឺធ្វើបន្តពីកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ 
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។

អត្ថបទដែលទាក់ទង