ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាលបញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបញ្ចប់មុខងារនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃមន្ត្រីធ្វើអធិការកិច្ចស៊ើបអង្កេតលើបណ្តឹងរបស់លោកហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដែលបានប្តឹងលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ និងកូនប្រុសស្រីចំនួន២នាក់ទៀត រួមជាមួយឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ប្ដឹងទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
យោងតាមលិខិតរបស់លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានជម្រាបទៅអភិបាល នៃគណៈអភិបាលខេត្តកណ្តាលថា ក្រោយក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងសុំប្តឹង៖ ១.លោក ជៀម សំរិតធី មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ២.លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៣.លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និង៤.លោកស្រី ជៀម សំរិតសោភា ជាអ្នក សរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ)ពីបទ«រំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ»។
ក្រោយពីបានចាត់មន្ត្រីធ្វើអធិការកិច្ចនិងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាលធ្វើលិខិតណែនាំទៅរដ្ឋបាលសង្កាត់តាខ្មៅឱ្យ «បញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល»។