កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ។
នៅក្នុងពេលចុះត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ជាជាតិខ្មែរ ក្រោយសមត្ថកិច្ចឆែកឆេររកឃើញអាវុធខ្លី១ដើម ក្នុងរថយន្តរបស់ជនសង្ស័យ ហើយពុំមានឯកសារបញ្ជាក់។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ៕