សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្តាញសង្គមថា ៖ ខ្ញុំទើបបានមើលវីដេអូមានរយៈពេលជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកKO1 តែម្តង។
សម្តេចតេជោបានបញ្ជាក់ថា ៖ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថា
ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។
ចំណោទបញ្ហានៅត្រង់អាជីវកលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា? ដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើ Ko1 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ
ប្រសើរជាងដុតចោលដូច Ko1 បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។
សម្តេចតេជោសូមឲ្យKo1បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសិលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។