ភ្នំពេញ ៖ ដោយមានការអនុញ្ញាតិ ពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម រ៉ាត់ ដារ៉ារត្ន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយលោកJurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។
នៅក្នុងកិច្ចជំនួប ប្រធានគណៈប្រតិភូបានបញ្ជាក់ថា លោក និងក្រុមការងារ បានចុះសួរសុខទុក្ខជាលើកទី៣ ដល់នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។
ចំពោះការចុះសួរសុខទុក្ខលើកទី៣ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនេះ ឯកឧត្តមរ៉ាត់ ដារ៉ារត្ន អនុរដ្ឋលេខាធិការបានទទួលព័ត៌មានថា ៖ ទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
ឯកឧត្តមក៏បានបញ្ជាក់ថា បានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា៕