សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះមួយខ្នងជូនប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំងសងខាង និងប្រើជើងគូរគំនូរលក់នៅតាមទីសាធារណៈ

19-Jan-2025 3:01 AM

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ផ្ទះមួយខ្នងជូនប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំងសងខាង ប្រកបរបរចិញ្ចឹមជីវិតដោយប្រើជើងគូរគំនូរលក់នៅតាមទីសាធារណៈ និងមានភរិយាកំពុងមានផ្ទៃពោះចំនួន ៤ខែ។


ផ្ទះដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជុន គឺស្ថិតនៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វើឡើងសម្រាប់ជួយដល់ជនក្រីក្រ ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទុរគតជន ដែលគ្មានកន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រីនេះដែរ។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញ ជួបសំណេះសំណាល់ផ្ទាល់ជាមួយប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ ហើយប្រកបរបរចិញ្ចឹមជីវិតដោយគូរគំនូរ នៅតាមទីសាធារណៈ ដោយឯកឧត្តមបាននាំយកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន និងជនមានពិការភាព និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់ គូរគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីសទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន នឹងបានណែនាំឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។


ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់សុខទុក្ខចំពោះប្រជាជន ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យក្នុងការគូរគំនូរធ្វេីជាមុខរបរចិញ្ចឹមជីវិត។ 
ជាមួយគ្នានេះ ឯកត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំក្នុងនាមអាជ្ញាធរត្រូវមកមេីល និងរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។


ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។


ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន ៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរអាចជូនទៅពិនិត្យដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡេីយ។

អត្ថបទដែលទាក់ទង