ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជា ៥០នាក់ ដែលទិញបុរី MCL Villa នៅស្រុកពញាឮ ខេត្តកណ្តាល បានស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយរកដំណោះស្រាយដល់ពួកគាត់ ដែលកំពុងតែរងគ្រោះទិញបុរី MCL Villa។ ការស្វែងរកអន្តរាគមន៍នេះ បានធ្វើឡើងនៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

នៅក្នុងការស្វែងរកអន្តរាគមន៍នេះ ប្រជាពលរដ្ឋបាននាំគ្នាកាន់បដាដោតមានសរសេរអក្សរថា ៖ “សូមគោរពស្នើសុំសម្តេចធិបតី ថ្នាក់ដឹកនាំ មេត្តាជួយរកដំណោះសក្រាយដល់ជនរងគ្រោះទិញបុរី MCL Villa ដែលមាន ៣គំរោងនៅស្រុកពញាឮ ខេត្តកណ្តាល”។
បន្ទាប់ពីនាំគ្នាឈរសុំអន្តរាគមន៍ ខាងមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញមកជួបប្រជាពលរដ្ឋ និងបានទទួលយកសំណើរបស់ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ជូនឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៕
