សម្តេចធិបតី និងភរិយា សម្តែងការសោកស្ដាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

17-Jan-2025 3:08 PM

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គមថា ឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យសម្តេច និងភរិយា មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម ។ 
 


សម្តេចធិបតីបានបន្តថា ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ សម្តេចនិងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និងលោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូន ជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏បរិសុទ្ធ ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសលោកបានរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានថាប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុវត្ថិភាព បន្ទាប់ ពីសម័យសង្គ្រាម។

សម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលទាក់ទង