ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធថា គណនីហ្វេសប៊ុកឈ្មោះ កុមារទេព មិនមែនជារបស់សម្តេចទេ។
តាមរយៈបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន បានសរសេរថា : "ខ្ញុំហ៊ុន សែនសូមបញ្ជាក់ថា Facebook ឈ្មោះកុមារ ទេពនេះមិនមែនជារបស់ខ្ញុំទេ។ សូមអ្នកប្រើប្រាស់ឈប់តាំងខ្លួនជារូបខ្ញុំ បង្ហោះសកម្មភាពខ្ញុំនិងគ្រួសារខ្ញុំ តទៅទៀត។"
ចំណែកម្ចាស់គណនីហ្វេសប៊ុក កុមារទេព បានសរសេរសុំការអភ័យទោសពីសម្តេចតេជ ហ៊ុន សែន ដែលខ្លួនបានតែងតែ ប្រើប្រាស់រូបភាព របស់សម្តេចតេជោពុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង បុត្រាបុត្រី របស់សម្តេចមកផុស។
គណនីហ្វេសប៊ុក កុមារទេព បានសរសេរថា : ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោស ដែលបានតែងតែ ប្រើប្រាស់រូបភាព របស់សម្តេចតេជោពុក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង បុត្រាបុត្រី របស់សម្តេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុម គ្រួសារសម្តេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្តៅនៃ បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព។
ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្តេចពុក សម្តេចម៉ែ និងបុត្រាបុត្រី របស់សម្តេចមកបង្ហោះលើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។
សូមសម្តេចពុក សម្តេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ
ជាការឆ្លើយតប សម្តេចតេជោ បានសូមអរគុណសម្រាប់ការស្រឡាញ់ចំពោះសម្តេចឪនិងក្រុមគ្រួសារ។
សម្តេចតេជោបានលើកឡើងថា កន្លងមកនេះមានមនុស្សមួយចំនួនមានការភន៍ច្រឡំថាគណនីហ្វេសបុកនេះជារបស់សម្តេច
រាប់ទាំងវិទ្យបរទេសនិយាយភាសារខ្មែរផង។
សម្តេចតេជោបញ្ជាក់ថា : "ខ្ញុំមានផេកផ្លូវការរបស់ខ្ញុំដែលផ្តល់ព័ត៌មានទៅកាន់សាធារណជនគ្រប់គ្រាន់ហើយ"៕
