Banner advertisement

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខពិធី«រុក្ខទិវា»នៅថ្ងៃទី០៩ ខែកក្កដា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ

04-Jul-2025 9:20 AM

ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៏ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធី«រុក្ខទិវា»។


ពិធី«រុក្ខទិវា» នឹងត្រូវរៀបចំប្រារព្ធធ្វើនៅថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេណកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ 

ពិធីនេះ នឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូតនៃប្រទេសជាមិត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។

អត្ថបទដែលទាក់ទង