Banner advertisement

ប្រធានាធិបតីបារាំងអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

11-Jun-2025 8:22 PM

ភ្នំពេញ ៖ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ 

ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ 

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចបវរធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា ឯកឧត្តមនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ 

ឯកឧត្តមប្រធានាធិបតីបានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។ 


ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបឯកឧត្តមប្រធានាធិបតីជាថ្មីទៀត។ សម្តេចបវរធិបតី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ 

ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង  ជា “ដៃគូយុទ្ធសាស្ត្រ”។


សម្តេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ ឯកឧត្តមប្រធានាធិបតីនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ឯកឧត្តមប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា។ 
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី  សម្ដេចបវរធិបតី និងឯកឧត្តមប្រធានាធិបតីបានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង