ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore- forming bacillus anthracis)។ ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។
លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។
ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។
របៀបចម្លង៖
មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ៖
ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង
ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់
ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់
ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់
មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។
រោគសញ្ញា៖ មាន ៣ សណ្ឋាន៖
សណ្ឋានលើស្បែក៖
មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ទ័របស់មេរោគ
រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់
ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួត។
សណ្ឋានក្រពះ-ពោះវៀន៖
ការឆ្លងតាមការបរិភោគស្ទ័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់
រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ
អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់
សណ្ឋានផ្លូវដង្ហើម៖
ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន
កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ទ័រមេរោគច្រើនទៅក្នុងសួត
រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ
រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
វិធានការណ៍បង្កាការឆ្លង៖
- ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់
- ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់
- សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល
- មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ
- ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ ទំនងមកលេខ ១១៥។