យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៩៦ នាក់ (ស្រី ២៨ នាក់) ។
ទណ្ឌិតដែលទទួលបានការបន្ធួរបន្ថយទោសរួមមាន៖
-បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់)
-បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់)
-បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់)
-និងបន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់) ។
ជាមួយគ្នានេះ គណៈកម្មការជាតិក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន៤រូប ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោសដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ ឆ្នាំ និង១០ឆ្នាំ។
សូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ
* ឧក្រិដ្ឋជនគ្រឿងញៀន
* អំពើសាហាវយង់ឃ្នង
* ករណីមិនរាងចាល
* ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
* ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
* ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី ១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
* ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
* ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
* ជនរងគ្រោះជាសាច់សាលោហិត
* ករណីរំលោភបូក
* ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត។