ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានអោយដឹងថា ៖ ក្រសួងកសិកម្មកំពុងធ្វើការយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម ក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា បញ្ហានេះបានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅដែលនាំចេញមិនបាននេះនៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញទាំងនោះយកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គិតមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ។ ក្រសួងនឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់។