ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានណែនាំទៅដល់កងកម្លាំងដែលឈរជើងនៅតាមព្រំដែន កម្ពុជា ថៃ គឺមានអ្វីត្រូវទំនាក់ទំនងជាមួយគ្នា ជៀសវាងការប្រើប្រាស់នៅអំពើហិង្សា ឬមួយក៏មានបាតុភាពអីដែលកើតឡើង។
ហើយសំខាន់បំផុតនៅតាមព្រំដែន គឺសហប្រតិបត្តិការគ្នាល្អនិងអនុវត្តនៅគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺព្រំដែនក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថៃ បានឯកភាពគ្នា សំខាន់បំផុត គឺចង់បានព្រំដែនក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ហើយរាជរដ្ឋាភិបាលទាំងពីរបានឯកភាពទាំងស្រុងមិនឲ្យមានបង្កបញ្ហា ឬក៏ទំនាស់អីដែលកើតមានឡើងនៅតាមបណ្តោយព្រំដែននោះទេ ពោលគឺមានបញ្ហាអីត្រូវពិភាក្សាគ្នា។
ជាងនេះទៅទៀតថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរក៏បានជួបគ្នា អគ្គមេបញ្ជាការ ក្នុងនាមឯកឧត្តមផ្ទាល់ក៏បានជួបគ្នាជាមួយអគ្គមេបញ្ជាការភូមិន្ទថៃនិងបណ្តាប្រភេទទ័ព និងបានឯកភាពគ្នា នៅពេលមានបញ្ហាអីត្រូវជួបពិភាក្សាគ្នា។ កុំឲ្យមានបញ្ហាអីបង្កឡើងនៅតាមព្រំដែនធ្វើឲ្យបាននៅផលប្រយោជន៍ប្រទេសទាំងសងខាង តាំងពីអាយុជីវិតរហូតទៅដល់សេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ឯកឧត្តមបានណែនាំទៅដល់កងកម្លាំងនៅតាមព្រំដែនដែលកំពុងតែឈររួមសហប្រតិបត្តិការជាមួយគ្នារវាងភាគីកម្ពុជា ក៏ដូចជាខាងភាគីថៃ គឺមានអ្វីត្រូវទំនាក់ទំនងជាមួយគ្នា ជៀសវាងការប្រើប្រាស់នៅអំពើហិង្សា ឬមួយក៏មានបាតុភាពអីដែលកើតឡើង។
តែដោយឡែកនៅខាងក្នុងប្រទេសនិមួយៗសុទ្ធតែការពារនៃប្រទេសនិមួយៗជារឿថរបស់គេ។ ខាងភាគីថៃក៏មានភារកិច្ចនៅក្នុងទឹកដីរបស់គេ ភាគីកម្ពុជាក៏មានភារកិច្ចការពារនៅក្នុងទឹកដីរបស់ខ្លួនដែរ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ៖ ប្រទេសទាំងពីរជាប្រទេសដែលមានសិទ្ធិដូចគ្នាដែរទេ ប្រទេសណាក៏ដូចជាប្រទេសណាដែរ។
ការពង្រឹងប្រៀបការពារជាតិនៃប្រទេសនិមួយៗ គឺគេមានសិទ្ធិដូចគ្នានៅក្នុងទឹកដីរបស់គេ។ យើងក៏ពង្រឹងប្រៀបការពារជាតិនៅក្នុងទឹកដីយើង គេក៏ពង្រឹងប្រៀបការពារជាតិនៅក្នុងដីរបស់គេដែរ។ ហើយគ្មានរឿងអីដែលយើងត្រូវភ្ញាក់ផ្អើលទេ។ សំខាន់បំផុតនៅតាមព្រំដែន គឺសហប្រតិបត្តិការគ្នាល្អដែលយើងអនុវត្តនៅគោលការណ៍មួយរបស់សម្តេចតាំងពីសម្តេចតេជោរហូតមកបន្តសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺព្រំដែនក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ នេះជាកិច្ចការងារយើងដែលត្រូវប្រឈមមុខនិងទទួលខុសត្រូវធ្វើទាំងអស់គ្នា៕