Banner advertisement

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនសំណុំរឿងឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្តសៀមរាប

10-May-2025 6:45 PM

ភ្នំពេញ៖ នៅទីបំផុត អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទៅសាលាដំបូងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ ដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យអង្គភាពប្រឆាំអំពើពុករលួយបានបញ្ជាក់ថា ៖ លោក សម្បត្តិ កុសល ពាក់ព័ន្ធបីបទល្មើសទី ១. ប៉ុនប៉ងសូកប៉ាន់ ២. ប្តឹងបរិហារដោយភូតកុហក និងទី៣. ចេតនាក្នុងការសូកប៉ាន់មន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ។

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ៖ “អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងលោកសម្បត្តិ កុសល ហើយ កាលពីព្រឹកមិញ ទៅសាលាដំបូងខេត្តសៀមរាប”។
ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានអោយដឹងនៅថ្ងៃទី១០ ខែឧសភានេះថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនឈ្មោះ សម្បត្តិ កុសល។ ហើយល្ងាចថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៥ គឺមានថេរវេលា គ្រប់ ៤៨ ម៉ោងនៃការឃាត់ខ្លួន ហើយអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបញ្ជូនខ្លួនសម្បត្តិកុសលនិងសំណុំរឿងទៅតុលាការ។


សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ពាក់ព័ន្ធនឹងការព្រឹត្តអំពើពុរលួយរឿងស៊ីសំណូលសូកប៉ាន់ នៃការជ្រើសរើសនគរបាលចូលក្រមខណ្ឌមន្ត្រីរាជការ។


សូមរម្លឹកថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អត្តលេខ៥៧៦១៧ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ នេះបើយោងប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង