ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ជូនឯកឧត្តម វ៉ាង ជីមិន (Mr. Wang Zhimin) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
ការជម្រាបជូនពីជម្លោះព្រំដែនកម្ពុជានិងថៃនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងជំនួប សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ក៏បានលើកឡើងពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃផងដែរ។ ដោយសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។
សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី បានបញ្ជាក់ថា កម្ពុជាបានអនុវត្តនូវមធ្យោបាយស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាទ្វេភាគី ផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ ។ ជាពិសេសកម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែបង្កជម្លោះ ពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបានបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង។
ឯកឧត្តម វ៉ាង ជីមិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំង បានស្តាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា៕