Banner advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាមានបីលក្ខខណ្ឌដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ

15-Jul-2025 11:43 AM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានបីលក្ខខណ្ឌដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ គឺទី១. ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី។ ទី២. ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងទី៣. បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ។ 

ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។


សម្តេចធិបតីបានបន្តថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

សម្តេចធិបតីបានបញ្ជាក់ទៀតថា ការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត គឺបានជាការប្រកាសជាផ្លូវការដោយឯកតោភគីរបស់ថៃ នៅទីតាំងតំបន់ជម្លោះទៅហើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាគឺមានតែរកតួអង្គទី៣ គឺតុលាការអន្តរជាតិ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបានរម្លឹកថា ប្រទេសកម្ពុជាធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។

ដូច្នេះកម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត។


សម្តេចធិបតីក៏បានប្រាប់ទៅភាគីថៃឱ្យគោរពសិទ្ធិ គោរពកិច្ចព្រមព្រៀង និងបូរណភាពទឹកដីជាមួយគ្នា បញ្ឈប់ការបង្កហានិភ័យ និងជ្រៀតចូលមកតំបន់ព្រំដែនទីតាំងដែលថ្មី នាំឱ្យបង្កកម្ដៅកាន់តែខ្លាំង៕

អត្ថបទដែលទាក់ទង