Banner advertisement

ឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រួចបង្ហោះនៅលើបណ្តាញសង្គមTik Tok

15-Jul-2025 11:38 AM

យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៣នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ (បង្ហោះនៅលើបណ្តាញសង្គមTik Tok) មកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីធ្វើការសាកសួរតាមនីតិវិធី។


ក្មេងទំនើងទាំង០៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព យកអាវដៃវែងចំនួន០២ចងភ្ជាប់គ្នា ដោយយកចុងដៃអាវម្ខាងចងជាប់នឹងបង្គោលដែលដាំលើដងផ្លូវ ហើយយកចុងដៃអាវម្ខាងទៀតទៅចងជាប់នឹងជង្អើម៉ូតូខាងក្រោយ ជិះម៉ូតូទៅមុខ ព្រមទាំធ្វើការថតវីដេអូបង្ហោះនៅលើបណ្តាញសង្គម Tik Tok កាលពិថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពិតប្រាកមែន។

ដោយមានមតិដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ព្រមទាំងមានការឯកភាពពី តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី សមត្ថកិច្ចជំនាញ បានអោយក្មេងទំនើងទាំង០៣នាក់ ថតវីដេអូសុំទោសជាសាធារណ:បង្ហោះនៅបណ្ដាញសង្គម ហ្វេសប៊ុក និង តិកតុក និងបានធ្វេីកិច្ចសន្យាអប់រំ ណែនាំ ដោយមានការធានាពីអាណាព្យាបាល របស់យុវជនទាំង០៣នាក់ ខាងលើ ដើម្បីអប់រំនៅមូលដ្ឋានបន្ត។

អត្ថបទដែលទាក់ទង