លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកក្កដានេះថា ក្រោយពីការបើកបិទច្រកទ្វារព្រំដែនតាមទំនើងចិត្តដោយភាគីថៃ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្តកោះកុង មានការប្រែប្រួលខ្លះៗពីកងទ័ពថៃ ក្នុងនោះរួមមានបង្កើនការរៀបចំលេណដ្ឋាននៅក្បែរប៉ុស្តិ៍ច្រកទ្វារអន្តរជាតិចាំយាម ការផ្លាស់ប្ដូរកងទ័ពញឹកញាប់ជាងមុន និងក៏មានការដឹកកង់ឡានមកធ្វើលេណដ្ឋានមុខច្រករបៀងចំណុចបង្គោលព្រំដែនលេខ៧១ជាដើម។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ ដើម្បីទ្រសភាពការណ៍ឆ្លើយតបទង្វើបង្កហេតុដ៏សាមាន្យនេះ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានទទួលបទបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចង្អុលដឹកនាំដោយផ្ទាល់ពីលោកជំនាវអភិបាលនៃគណៈអភិបាលខេត្ត និងអនុវត្តផែនការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រើប្រាស់កម្លាំងសហការជាមួយកងកម្លាំងពាក់ព័ន្ធ ដោយបានរៀបចំកងកម្លាំងមួយចំនួនចុះទៅប្រចាំការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកលេខ៨២៧។
លោកស្នងការ បន្ថែមថា «ជាមួយគ្នានេះ យើងក៏បានការរៀបចំកងកម្លាំងត្រៀមអន្តរាគមន៍នៅស្នងការដ្ឋាននគរបាលខេត្ត និងរៀបចំកងអនុសេនាតូចអន្តរាគមន៍ ចំនួន២កងអនុសេនាតូច ដោយបំពាក់មធ្យោបាយ សម្ភារ អាវុធ បម្រើឱ្យកិច្ចអន្តរាគមន៍គ្រប់ពេលវេលា តាមបទបញ្ជា»។
ក្នុងស្មារតីប្រកៀកស្មាការពារជាតិជាមួយកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា«ដើម្បីអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងខ្ញុំ សូមប្ដេជ្ញាធានាឱ្យបាននូវកម្លាំងសរុប មធ្យោបាយសរុប អនុវត្តវិធាន ជំនាញ ធានាដល់កិច្ចសហប្រតិបត្តិការចំពោះមុខការពារបូរណភាពទឹក ដី មិនឱ្យបាត់បង់សូម្បី១មីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ»៕