ភ្នំពេញ ៖ រកឃើញអាវុធចំនួនជាង ៥០ដើម និងវិទ្យុទាក់ទង ដែលបានកប់នៅក្នុងដីចំការដំឡូងមីរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បន្ទាប់ពីប្រទះឃើញអាវុធបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យមើល។
សមត្ថកិច្ចបានឲ្យដឹងថា កាំភ្លើងជាង ៥០ដើម រួមមាន ៖ កាំភ្លើង AK47 ចំនួន ៤៣ដើម កាំភ្លើងអឹមសីចំនួន ៧ដើម កាំភ្លើងបេចំនួន ១ដើម និងកាំភ្លើង79 ចំនួន ១ដើម រួមទាំងវិទ្យុទាក់ទង(អាយកូម)ចំនួន៣គ្រឿង។ បន្ទាប់ពីពិនិត្យរួចបានប្រគល់ជូនខាងអង្គភាព CMAC កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា នេះថា អាវុធដែលមន្ត្រីជំនាញរកឃើញនេះ គឺជាអាវុធដែលកប់លាក់ទុកត្រៀមប្រយុទ្ធរវាងខ្មែរ និងខ្មែរនៅសមយ័សង្រ្គាម ហើយកន្លែងដែលរកឃើញអាវុធទាំងនេះ ក៏ជាកន្លែងអតីតសមរភូមិប្រយុទ្ធផងដែរ តែបច្ចុប្បន្នបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម។
ក្រៅពីអាវុធ មន្ត្រីជំនាញក៏បានរកឃើញវិទ្យុទាក់ទងចំនួន៣គ្រឿងទៀតដែរ។