សម្តេចធិបតី ៖ ៖ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ចាក់ថា ៖ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរ ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈ កាធ្វើ ដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួម យ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកង កម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណ ភាព ទឹកដីកម្ពុជាឱ្យបានជាដាចខាត ។
សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) ដោយធ្វើការជួបជុំនៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុង ភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន និងយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌ ខឿនការពារជាតិប្រជាជន ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីបុព្វហេតុបូរណភាព ទឹកដី អធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជន តាមរយៈការ បង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅ ជួរមុខកម្ពុជា លើស្មារតីបង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែក លើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ(កម្ពុជាមិនមានបំណងចង់បាន ទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិន ឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ រៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។