Banner advertisement

មេដឹកនាំគណបក្សនយោបាយចំនួន ៣ ដែលជាស្ត្រី ស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំង សម្តេចតេជោ ហ៊ុន សែន ជាបុរសរដ្ឋនៃកម្ពុជា

19-Jun-2025 6:13 PM

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយចំនួន ៣  ដែលជាស្ត្រី ស្នើសុំព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានតែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាបុរសរដ្ឋនៃកម្ពុជា និងផ្តល់ការការពារដោយច្បាប់គ្មាននរណាម្នាក់អាចប៉ះពាល់បាន។ 

នេះបើយោងតាមលិខិតរបស់មេដឹកនាំគណបក្សនយោបាយទាំងបី បានដាក់លិខិតជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។


មេដឹកនាំគណបក្សនយោបាយទាំងបី មានដូចជា លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ , លោកជំទាវ ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី និងលោកជំទាវ ម៉ៅ សាវឿន ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា។


នៅក្នុងលិខិតដាក់ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឲ្យដឹងថា យោងតាមការតស៊ូអស់មួយជីវិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត (កម្ពុជាប្រជាធិបតេយ្យ) បង្រួបបង្រួមខ្មែរបញ្ចប់សង្គ្រាម ទាងស្រុង នាំសន្តិភាពដល់កម្ពុជា ដែលអស់រយៈពេលជាងប្រាំរយឆ្នាំមកហើយខ្មែរមិនធ្លាប់មាន ព្រមទាំងបានកសាងកិត្តិយសជាច្រើនលើឆាកអន្តរជាតិជូនប្រទេសជាតិផងដែរ យើងខ្ញុំប្រធាន គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលចំនួន៣ មានបំណងសូមក្រាបបង្គំទូលស្នើសុំព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានតែងតាំងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាបុរសរដ្ឋនៃកម្ពុជា និងផ្តល់ការការពារដោយច្បាប់ គ្មាននរណាម្នាក់អាចប៉ះពាល់បាន ដើម្បីឲ្យសមស្របទៅនឹងតម្លៃដ៏ថ្លៃថ្លានៃការតស៊ូក្នុងបុព្វហេតុជាតិរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។

អត្ថបទដែលទាក់ទង