ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ (Walk Street) ដែលរៀបចំនារសៀលថ្ងៃ២១ ខែមិថុនាឆ្នាំ២០២៥ នៅមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំលោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលទាំង២៤ខណ្ឌ ដែលជាមេបញ្ជាការដឹកនាំកម្លាំង ត្រូវអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្មពិធីនេះឲ្យទទួលបានសុខសុវត្ថិភាពគ្រប់គ្រាន់។
ជាពិសេសប្រើប្រាស់កម្លាំងគ្រប់រូបភាព ល្បាត ការពារគោលដៅ ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ រឺមុខសញ្ញាបង្កផ្សេងត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា។
ជាមួយគ្នានោះត្រូវគ្រប់គ្រងមធ្យោបាយយានយន្តគ្រប់ប្រភេទឲ្យមានកន្លែងចតត្រឹមត្រូវរួមទាំងហាមឃាត់រាល់ទូកកាណូតគ្រប់ប្រភេទមិនឲ្យធ្វើដំណើរតាមផ្លូវទឹកមកក្បែរកន្លែងប្រារព្ធពិធីនោះឡើយ ពោលធ្វើយ៉ាងណាប្រើប្រាស់គ្រប់ជំនាញនិងមធ្យោបាយទាំងអស់ដើម្បីធានាឲ្យបាននូវបរិយាកាសល្អក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ (Walk Street) ផ្តល់ការជឿទុកចិត្តលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ របស់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពីសំណាក់មហាជនចូលរួមឲ្យទទួលបានភាពកក់ក្តៅ មានរបៀបរៀបរយល្អ សប្បាយរីករាយនិងមានការគាំទ្រពីមហាជនទូទៅកាន់តែច្រើនដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលេងកម្សាន្តតំបន់ផ្លូវថ្មើរជើងចតុមុខ (Walk Street) ឲ្យកាន់តែមានភាពអធិកអធមទ្វេឡើង៕