Banner advertisement

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

08-Aug-2025 6:52 PM

ភ្នំពេញ ៖  រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ 

យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖ 
- ការអនុម័តលើកំណត់ហេតុ 
- ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។ 


ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់និងការរៀបចំយន្តការសម្រាប់អនុវត្ត។ 

ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។

អត្ថបទដែលទាក់ទង