ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ត្បិតតបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល និងជាបញ្ហាដែលរីកសាយភាយមកកម្ពុជាពីបណ្ដាប្រទេសខាងក្រៅ។
ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ឯកឧត្តមបានលើកឡើងពីភាពចាំបាច់នៃកាក់អនុវត្តច្បាប់ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ ព្រមទាំងការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។
ការប្តេជ្ញានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា" ប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែងបន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាប់ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការជាមួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយភ្ជាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើលាងសម្អាតប្រាក់ និងអំពើជួញដូរអាវុធមហាប្រល័យទៀតផង។
ជាលទ្ធផល ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកយកករណីដែលកម្លាំងមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការដោយរួមបញ្ចូលការប្រើសត្វសុនខដើម្បីបង្ក្រាបគ្រឿងញៀនជាច្រើនរយគីឡូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ ការប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះ សុទ្ធតែជាការរួមចំណែកដើម្បីសុខកុមាលភាពមនុស្សជាតិលើពិភពលោក៕