ភ្នំពេញ៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចប់ថា ៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅដោយរលូន។
ហើយកិច្ចប្រជុំនឹងបន្តនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
មុនកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប្រាសាស ប្រាសាសវិនិច្ឆ័យ តំណាងភាគីថៃ។ បន្ទាប់ពីចប់កិច្ចប្រជុំចង្អៀតភាគីទាំងពីរ បានចូលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ កិច្ចប្រជុំ JBC បានធ្វើឡើងក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) បានបញ្ចប់នៅម៉ោងជិត៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។ ហើយនឹងបន្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។