Banner advertisement

បន្ទាប់ពីនាយករដ្ឋមន្ត្រីចេញបទបញ្ជា ៖ អគ្គស្នងការណែនាំឲ្យមន្រ្តីក្រោមឱវាទត្រូវចេញប្រតិបត្តិបង្រ្កាបបទល្មើសបច្ចេកវិទ្យាជាបន្ទាន់

18-Jul-2025 11:34 AM

ភ្នំពេញ៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការនគរបាលររាជធានី ខេត្ត និងអង្គភាពចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នា បង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាប ក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។


ការណែនាំនេះ នៅក្នុងកម្មវិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារខាងលើនេះឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះឲ្យអនុវត្តផងដែរ។ 

ហើយក៏បានណែនាំដល់មន្រ្តីប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងក្រៅស្រុកល្បីៗ ដើម្បីធ្វើការបំភ្លឺ និងឆ្លើយបន្ទាន់ចំពោះការចោទប្រកាន់ លាភពណ៌ បំភ្លៃការពិត និងដាក់បន្ទុក នៃព្រឹត្តិការណ៍បទល្មើសផ្សេងៗមកលើកម្ពុជា ពីសំណាក់ភាគីថៃ។ 

ត្រូវកោះអញ្ជើញ មន្រ្តីស្ថានទូតនានានៅកម្ពុជា ដើម្បីពន្យល់បន្ថែមពីសភាពការណ៍បទល្មើសដែលកើតឡើងពិតប្រាកដនៅកម្ពុជា ជូនទៅដល់មន្រ្តីស្ថានទូតបានជ្រាបកាន់តែច្បាស់ កុំឲ្យមានការភាន់ច្រឡំ។

អត្ថបទដែលទាក់ទង