គ្រូបង្វឹកក្រុម Borussia Dortmund លោក Nuri Sahin បានធ្វើការរិះគន់ចំៗមិនលាក់លៀមចំពោះសកម្មភាពរបស់ខ្សែបម្រើ Emre Can ដែលជាមូលហេតុធំធ្វើអោយ Dortmund ចាញ់ Mainz 05 យ៉ាងស្ពឹកមុខ។
ខ្សែបម្រើអាឡឺម៉ង់ត្រូវបានបណ្តេញចេញនៅនាទីទី 27 នៃការប្រកួត ហើយ Dortmund បានបញ្ចប់ការប្រកួតជាមួយលទ្ធផលបរាជ័យ 3-1 ក្រោមថ្វីដៃ Mainz 05។ ក្រោយចប់ការប្រកួត ទាំងគ្រូបង្វឹក នឹងកីឡាករ Julian Brandt សុទ្ធតែមិនបានទុកមុខដល់ Can នោះឡើយ ដោយបាននិយាយចំៗថាការបណ្តេញចេញរបស់ Can គឺជាចំណុចដែលធ្វើអោយការប្រកួតប្រែប្រួលទាំងស្រុង។
ការបរាជ័យមួយនេះ ធ្វើអោយ Dortmund កាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលតារាង Bayern Munich រហូតដល់ទៅ 10 ពិន្ទុក្រោយឆ្លងកាត់ត្រឹមតែ 10 ប្រកួត។ ការប្រកួតមួយនេះក៏ជាការបរាជ័យជាលើកទីបួននៅក្រៅដីជាប់ៗគ្នាសម្រាប់ Dortmund ហើយសម្ពាធក៏ធ្លាក់កាន់តែខ្លាំងទៅលើ Nuri Sahin ដែលទើបតែបានចូលមកដឹកនាំក្លឹបមួយនេះកាលពីដើមរដូវកាល៕