Banner advertisement

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖​ នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ

10-Jun-2025 11:45 AM

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា​ ៖​ នគរបាល មិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាល ក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។


ការបញ្ជាក់នេះ​ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅតែទទូចសូមឱ្យប្រជាពលរដ្ឋ ដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថា តើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ? បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នគរបាល មិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាល ក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។

ពីវេទិការនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យសិក្សាឡើងវិញលើភូមិសាស្ត្រជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន ដែលមានការប្រឈមចំពោះការបើកបរលើសល្បឿនកំណត់ និងរកឱ្យឃើញពីមូលហេតុ នៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវវិធីសាស្ត្រដោះស្រាយឱ្យបានសមស្របបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ច បានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ ដោយធ្វើការពិន័យសរុបចំនួន ២៥ ០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្ត មិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ច ក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹង ចំនួន ៤ ៧១៦នាក់ អនុវត្តតាមនីតិវិធី។ 

ក្នុងរយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ថយចុះ ៣០៤លើក។ គិតពីខែមករា ដល់ខែមេសាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ចំនួន ៤៧៩នាក់ និងរបួស ១ ០១១នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ ៤២៨នាក់៕

អត្ថបទដែលទាក់ទង