ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ អ្នកតាមដានសភាពការ៍នយោបាយ និងជាប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិ ហើយមិនត្រូវជឿលើព័ត៌មានរបស់ក្រុមជ្រុលនិយមដែលមានចរិកញុះញង់នោះឡើយ។
បណ្ឌិត ហែម ប្រសើរ បានមានប្រាសន៍ថា នៅពេលថ្មីនេះ ដោយមើលឃើញនៅសភាពការណ៍តាមបណ្តោយព្រំដែនរាជរដ្ឋាភិបាលក៏បានប្រកាសយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ប្តឹទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីបញ្ចប់នៅមន្ទិលសង្ស័យរវាងប្រជាជនកម្ពុជា និងថៃ។ តែនៅពេលថ្មីៗនេះ បែរជាភាគីថៃមិនហ៊ានទៅតុលាការ ICJ ដោយសុំចរចាទ្វេភាគី តែអ្វីដែលភាគីថៃលើកឡើងត្រូវបានរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងអង់អាចក្លាហាននិងការពារបូរណភាពទឹកដីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាពិសេសនៅពេលចរចារវាងថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថៃ ត្រូវបានបដិសេធនៅសំណើរបស់ខាងភាគីថៃ។
ជាមួយគ្នានេះ បណ្ឌិត ហែម ប្រសើរ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់ ឬក៏ព័ត៌មានមិនពិតប្រាកដរបស់ក្រុមជ្រុលនិយមដែលតែងតែអុជអាលញុះញង់ដល់ប្រជាពលរដ្ឋកុំឲ្យជឿជាក់ល់រាជរដ្ឋាភិបាល។
២.១៦-២.៥៦
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។
ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
សម្តេចតេជោបានបន្តថា ៖ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕