Banner advertisement

ក្រសួងការពារជាតិ ៖​ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ

10-Jun-2025 9:36 AM

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា​ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។​នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ​ នៅថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០២៥។


ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ​ ដូចខាងក្រោម៖

១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។

៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។

៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជា ពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ក្រសួងការពារជាតិ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។

អត្ថបទដែលទាក់ទង